ស៊ឺម៉ា អ៊ី លើកឡើងថា “ខ្ញុំដកដាវតែមួយលើកទេ តែខ្ញុំសំលៀងដាវជាង១០ឆ្នាំមកហើយ”

រឿងប្រវត្ដិសាស្ត្រចិន នគរទាំង៣ ឬសាមកុក នៅតែជារឿងដែលពេញនិយមនៅក្នុងស្រទាប់អ្នក​សិក្សា និងអ្នកនយោបាយកម្ពុជាយកមករំលឹក។ នេះក៏ដោយសារតែសាច់រឿងពោរពេញទៅ​ដោយ​ការ​ប្រើប្រាស់នូវល្បិចកល និងយុទ្ធសាស្ត្រ ជាពិសេសគឺភាពលេចធ្លោរបស់តួអង្គដែលសុទ្ធសឹង​តែ​ជា​​​អ្នកមានសមត្ថភាព។

ក្នុងចំណោមតួអង្គទាំងនោះ ស៊ឺ ម៉ាអ៊ី ជាបុគ្គលដែលសំខាន់ជាងគេម្នាក់ផងដែរ និងបានគ្រប់គ្រងទឹកដីទាំងមូលនៃប្រទេសចិនសម័យបុរាណ។ ស៊ឺ ម៉ាអ៊ី តែងតែតាំងខ្លួនជាមនុស្សស្មោះត្រង់នឹងព្រះរាជា ស្មោះនឹងរាជវង្ស តែតាមពិតជាមនុស្សដែលសម្លឹងមើលប្រយោជន៍ខ្លួនឯងជាធំ។ ប្រើប្រាស់ព្រះរាជា៣ជំនាន់ឲ្យបង្កើតទឹកដី តែចុងក្រោយបែរជាដណ្ដើមទឹកដីយកមកកាន់កាប់ដោយខ្លួនឯង នៅពេលដែលរាជវង្សកំពុងតែចុះខ្សោយ។ ទឹកដីដែលកាន់កាប់ដោយត្រកូលឆាវ៣ជំនាន់ បែរក្លាយជាខ្យល់ ត្រកូលស៊ឺម៉ាចាប់ផ្ដើមគ្រប់គ្រងទឹកដីទាំងមូលដោយប្រើពេលត្រឹមតែ១ថ្ងៃក៏សម្រេច។ តើនេះជាព្រហ្ម​លិខិត ឬជាការរៀបចំរបស់មនុស្ស?

hhhheeeeeelll yeeaaaaaahhh Tumblr posts - Tumbral.com

ងាកចេញពីរឿងព្រេងនិទានចិនបុរាណនេះបន្ដិច មកឆ្លុះបញ្ចាំងពិភពបច្ចុប្បន្ន។ មនុស្សដែលមានសមត្ថភាព តែមានភាពក្រអឺតក្រទមខ្លាំង គឺមិនត្រូវបានគេប្រើយូរទេ។ មនុស្សដែលមានសមត្ថភាព​តែបញ្ចេញវាបន្ដិចម្ដងៗ ដោយផ្នែកលើស្ថានការណ៍ ទើបជាមនុស្សដែលមិនងាយនឹងត្រូវបានគេបោះបង់។ ស្គាល់ពីសមត្ថភាពខ្លួនឯង និងដឹងពីចំណុចខ្វះខាត ដុសខាត់ខ្លួនឯងជារៀងរាល់ថ្ងៃ រហូត​ដល់ពេលដែលអ្នកគិតថាវាសមល្មមនឹងអាចបង្កើតលទ្ធផលធំហើយ ចាំបញ្ចេញវាចេញតែម្ដង គឺជោគជ័យ។ ចង់ធ្វើអ្វីក៏ដោយ ត្រូវគិតពីលទ្ធភាពដែលអាចធ្វើបាន។ បើខ្លួនមិនទាន់រឹងមាំនៅឡើយ​ផង តើអាចនឹងទៅច្បាំង ហើយទទួលជោគជ័យបានយ៉ាងម៉េចនឹងកើត? ត្រូវសិក្សាពីអ្វីដែលខ្លួនឯង ចង់បាននោះឲ្យច្បាស់ និងតើអ្វីខ្លះដែលអ្នកត្រូវការដើម្បីសម្រេចក្ដីប្រាថ្នានោះ? ត្រូវសន្សំវាបន្ដិចម្ដងៗ មិនអាចធ្វើទាំងទទឹងទិសបាននោះទេ។

ចំពោះរឿងរកស៊ីវិញក៏ដូចគ្នា បើអ្នកមិនទាន់បានយល់ពីអ្វីដែលអ្នកត្រូវការ និងតើមានអ្វីខ្លះដែលអ្នកត្រូវបំពេញបន្ថែមមុនចេញរកស៊ីផង តើអ្នកនឹងអាចចាប់ផ្ដើមវាដោយរបៀបណាបាន? ដំបូង អ្នកត្រូវ​ដឹងថា កុំចង់ជោគជ័យលឿនពេក ព្រោះវាអាចនឹងធ្វើឲ្យអ្នកខកបំណង ដោយហេតុថា អាជីវកម្មដំបូង​តែងតែបរាជ័យ។ ដើម្បីអាចជៀសភាពបរាជ័យបាន ដំបូងអ្នកគួរតែ មានចំណេះដឹងពាក់ព័ន្ធនឹងអ្វីដែលអ្នកចង់ធ្វើនោះសិន បើមិនលំអិត ក៏អាចដឹងខ្លះៗដែរ។ បន្ទាប់មក ត្រូវស្វែងរកបទពិសោធន៍ ទាំងការអនុវត្ដផ្ទាល់ និងតាមរយៈការស្ដាប់បុគ្គលដែលធ្លាប់បានឆ្លងកាត់។ ត្រូវស្គាល់មនុស្សដែលមានសមត្ថភាពឲ្យបានច្រើន ស្គាល់អ្នកដែលរកស៊ីក្នុងវិស័យដែលអ្នកចង់រកស៊ីឲ្យបានច្រើន។ ចុងក្រោយ​ ត្រៀមលក្ខណៈឲ្យបានរួចរាល់ក្នុងការឈានជើងចេញពីបុគ្គលធម្មតា ទៅជាអ្នករកស៊ី។ ជារួមមក ត្រូវត្រៀមខ្លួន និងសំលៀងសមត្ថភាពខ្លួនឯងឲ្យមុត ទើបអាចដកដាវតែមួយលើក គឺអាចទទួលជ័យជំនះបានតែម្ដង៕

ប្រភពដោយ៖ Dr. Business

អត្ថបទដែលជាប់ទាក់ទង