អាថ៌កំបាំងងាយៗ ៩យ៉ាង ដែលធ្វើឲ្យមនុស្សមានសុខភាពល្អនិងអាយុវែង
ជីវិតរស់នៅសព្វថ្ងៃ ក្នុងសម័យទំនើបទាន់សម័យ ទទួលនូវសម្ពាធជាច្រើន ដែលធ្វើឲ្យមនុស្សកើតរោគស្ត្រេស ឯកោ និងមិនសប្បាយចិត្ត។ ប៉ុន្តែ ថ្មីៗនេះ គេហទំព័រនៃអង្គការ វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ចុះផ្សាយអត្ថបទមួយ អំពីអាថ៌កំបាំង ៩យ៉ាង ដែលនាំឲ្យមនុស្សមានសុខភាពល្អ និងអាយុវែង។
អាថ៌កំបាំង ៩ចំណុចនេះ គឺជាលទ្ធផលនៃការស្រាវជ្រាវរបស់លោក Dan Buettner ស្ថាបនិក Blue Zones ជាក្រុមអ្នកស្រាវជ្រាវនិងអ្នកនិពន្ធ ដែលស្រាវជ្រាវនិងបោះពុម្ពផ្សាយសៀវភៅអំពីរូបមន្តជីវិតរីករាយនិងអាយុវែង។ លោក Dan Buettner បានស្រាវជ្រាវរកឃើញថា កត្តា ៩ យ៉ាង ដែលធ្វើឲ្យមនុស្សរស់នៅមានសុខភាពល្អ និងអាយុយឺនយូរ៖
១. ធ្វើចលនាតាមធម្មជាតិ
ការធ្វើចលនាតាមបែបធម្មជាតិពេញមួយថ្ងៃ ដូចជា ដើរ ធ្វើកិច្ចការដាំដុះក្នុងសួនផ្កា ធ្វើកិច្ចការងារផ្ទះ ជាដើម គឺជាផ្នែកដ៏សំខាន់មួយនៃរបៀបរបបរស់នៅដែលនាំឲ្យមានសុខភាពល្អ។
២. គោលបំណង
រៀងរាល់ថ្ងៃ អ្នកត្រូវកំណត់គោលបំណងប្រចាំថ្ងៃ ឧ. ហេតុអ្វីទើបអ្នកត្រូវក្រោកពីព្រលឹម ជាដើម នឹងធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ មានសុខភាពល្អ និងបង្កើនអាយុបានដល់ទៅ ៧ឆ្នាំ។
៣. បន្ថយល្បឿន (Down Shift)
៤. ហូបឆ្អែតត្រឹម ៨០%
អ្នកដែលមានសុខភាពល្អនិងអាយុវែង គឺហូបឆ្អែតត្រឹម ៨០% គឺមិនឲ្យឆ្អែត ១០០%នោះទេ ហើយពួកគេច្រើនទទួលទានអាហារតិច នៅពេលល្ងាច។
៥. ហូបបន្លែផ្លែឈើឲ្យបានច្រើន
សណ្ដែកគឺជាម្ហូបសំខាន់នៃរបបអាហាររបស់អ្នកដែលមានអាយុវែង។ ពួកគេទទួលទានបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិច្រើន និងហូបសាច់តិចតួច។
៦. ទទួលទានស្រាកម្រិតល្មម
ការទទួលទានស្រាកម្រិតល្មម ប៉ុន្តែ ទៀងទាត់ ជាមួយមិត្តភក្ដិ គឺជាផ្នែកមួយនៃរបៀបរស់នៅរបស់អ្នកមានអាយុវែងផងដែរ។
មែនទែនទៅ ស្ត្រេស (ភាពតប់ប្រមល់ក្នុងចិត្ត) គឺជាផ្នែកមួយនៃជីវត។ ប៉ុន្តែ មនុស្សដែលមានអាយុវែងលើស១០០ឆ្នាំ មានវិធីកាត់បន្ថយស្ត្រេសនៅក្នុងទម្លាប់រស់នៅប្រចាំថ្ងៃរបស់ពួកគេតែម្ដង។ ឧទាហរណ៍ អ្នកខ្លះធ្វើសមាធិ ចូលព្រះវិហារ ឬសូត្រធម៌ អ្នកខ្លះគេងថ្ងៃ និងអ្នកខ្លះទៀត បង្កើតសកម្មភាពសប្បាយៗ។
៧. ចូលជាសមាជិកក្លិប ឬសមាគមផ្សេងៗ
ការចូលជាសមាជិកក្លិប ឬសមាគមអ្វីមួយ ជួយបង្កើនអាយុរបស់អ្នកពី ៤ឆ្នាំ ទៅ ១៤ឆ្នាំ។
៨. គិតគូរដល់មនុស្សជាទីស្រលាញ់របស់អ្នកជាចម្បង
ការមានទំនាក់ទំនងល្អនិងស្និទ្ធស្នាលជាមួយក្រុមគ្រួសារ (ប្ដី ឬប្រពន្ធ ឪពុកម្ដាយ ជីដូនជីតា និងចៅៗ) គឺជាអ្វីដែលអ្នកមានអាយុវែងមានដូចៗគ្នា។
៩. សេពគប់ក្រុមមនុស្សដែលត្រឹមត្រូវ
ក្រុមមនុស្សដែលមានអាយុវែងជាងគេបំផុតនៅលើពិភពលោក សេពគប់មិត្តភក្ដិល្អៗ និងមានបណ្ដាញទំនាក់ទំនងសង្គមខ្លាំង៕
ប្រភព៖ ខេមប៉ូណូមីស